ភាសា :
ព័ត៍មាន » 
slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1 slide1
ជីវប្រវត្តិរបស់ស្ថាបនិក ក្រុមហ៊ុនរ៉ូយ៉ាល់អវតារ អភិវឌ្ឍន៍ ចំកាត់

ក្រុមហ៊ុនរ៉ូយ៉ាល់អវតារអភិវឌ្ឍន៍គឺជាស្លាក យីហោថ្មី ក្នុងបទពិសោធន៍ចាស់ ដែលធ្លាប់ត្រូវបាន អនុវត្តយ៉ាងជោគជយ័ជាច្រើន លើកច្រើនសារមកហើយ ដោយស្ថាបនិក ក្រុមហ៊ុនតែម្នាក់គត់ គឺលោក ព្រហ្ម សាគុណ

រាប់ចាប់តាំងពីដើមឆ្នាំ២០០៨មក លោក ព្រហ្ម សាគុណ ដែលជាអតីតមគ្គុទេសក៍ទេសចរណ៍ និយាយភាសាជប៉ុន បានបង្វែរទស្សន:វិសយ័ ពីមុខបរដឹកជញ្ជូន (ភ្ញៀវទេសចរណ៍ក្នុងតំបន់សៀមរាបអង្គរ )ដែលលោកធ្លាប់ប្រតិបត្តិ អស់រយ:កាលប្រមាណជា១០ឆ្នាំមកហើយនោះ ឲ្យងាកឆ្ពោះទៅរកវិសយ័អចលន:ទ្រព្យវិញម្តង។ បើទោះបីជាក្នុងថេរ:វេលានោះ វិសយ័

អចលន:ទ្រព្យកំពុងតែមានសន្ទុះកើនឡើង យ៉ាងក្តៅគគុករហូតធ្វើឲ្យតម្លៃដីធ្លី ផ្ទះសម្បែងកញ្រ្ជោលផុសផុល កើនខ្ពស់កប់ពពកយ៉ាងណាក៏ដោយ ក៏លោកនៅតែអាចដណ្តើមយក ទីផ្សារអចលន:ទ្រព្យមួយនេះ ប្រកបដោយប្រសិទ្ធិភាព ។ ពោលគឺ លោកបានសិក្សាយ៉ាងច្បាស់លាស់ អំពីសមតុល្យនៃតំរូវការ និង ផលិតផល ធៀបនឹងថ្លៃ។ នាគ្រានោះ ពិតជាមានជនចំណាកស្រុកពីបណ្តាខេត្ត ខុសៗគ្នាជាច្រើនបានមករកការងារ និងកំពុងតែបំរើការងារផ្សេងៗ នៅតាមបណ្តាក្រុមហ៊ុន ឯកជន (សណ្ឋាគារ - ភោជនីយដ្ឋាន - ហាងធ្វើសរសៃ - ហាងលក់វត្ថុអនុស្សាវរីយ៍ - ក្រុមហ៊ុនទេសចរណ៍.....។ល។)

នោះហើយជាដើមចមដែលបង្កើតឲ្យមានតំរូវការចាំបាច់នានា​ ដែលក្នុងនោះរាប់ទាំងទីជំរកដ៏សមរម្យផងដែរ។ ប៉ុន្តែដោយសារតម្លៃដីធ្លី ផ្ទះសម្បែងក្នុងពេលនោះមានក្រាហ្វិកខ្ពស់ហួសឆ្ងាយពីលទ្ធភាពនៃការចំណាយរបស់អ្នកកំពុងមានតំរូវការ ទើបបណ្តាលឲ្យពួកគាត់ (អ្នកដែលមានតំរូវការក្នុងការទិញផ្ទះឬដី) ត្រូវបង្ខំចិត្ត ជួលផ្ទះតូចៗ ឬបន្ទប់តូចៗដើម្បីស្នាក់នៅបណ្តោះអាសន្ន បើទោះជាតម្លៃឈ្នួលផ្ទះនិងបន្ទប់ទាំងនោះខ្ពស់ខ្លាំងយ៉ាងណាក៏ដោយ។

អ្វីដែលលោក ព្រហ្ម សាគុណ បានមើលឃើញដោយប្រាជ្ញានោះគឺថា ដីធ្លី មានច្រើន ដែលសុទ្ធតែមានម្ចាស់កំពុងពពាយនាយលក់យ៉ាងតក់ក្រហល់ស្ទើរគ្រប់ៗគ្នា ក្នុងខណ:ដែលប្រជាពលរដ្ឋជាច្រើនសែននាក់ក៏កំពុងតែត្រូវការដីធ្លីដើម្បីសង់ទីជម្រករស់នៅដូចគ្នា។ ប៉ុន្តែហេតុអ្វីបានជា ផលិតផល និង តំរូវការ មិនអាចគ្របដណ្តប់ឲ្យគ្នាទៅវិញទៅមកបាន? នោះក៏ព្រោះតែអ្នកលក់បានទិញដីទុកក្នុងថ្លៃដើមខ្ពស់ស្រាប់ ដូច្នេះពួកគាត់ត្រូវការលក់ចេញ ក្នុងតម្លៃមួយដែលកាន់តែខ្ពស់ជាងនោះទៅទៀត ។ រីឯអ្នកទិញមានលទ្ធភាពរកប្រាក់បានក្នុងកំរិតមួយដែលមិនស្មើនឹងមួយចំរៀកតូចនៃតម្លៃដីផង។ និយាយជារួម ស្ថានភាពបែបនេះ ក៏មិនមែនកើតឡើងត្រឹមតែខេត្តសៀមរាប តែមួយនោះដែរ វារួមមានទាំងបណ្តាខេត្តដែលរីកចំរើនមួយចំនួនទៀតដែលនៅពទ្ធ័ជុំវិញបឹងទន្លេរសាប បូកទាំងក្រុងភ្នំពេញ និង ខេត្តជាប់មាត់សមុទ្រទៀតផង។

យាងទៀត យើងស្ទើរតែអាចនិយាយបានថា នោះហើយជាចំហាយចាប់ផ្តើមនៃវិបត្តិសេដ្ឋកិច្ច ដែលកម្ពុជាបានទទួលចុងក្រោយគេបង្អស់ ក្នុងចំណោមបណ្តាប្រទេសនានាក្នុងពិភពលោកដែលបាន និង កំពុងតែជាប់គាំង ក្នុងបញ្ហាស្រដៀងៗគ្នានេះ។

មានលក្ខ័ខណ្ឌ័ខ្លះៗដែលបានបង្កជាឧបសគ្គរាំងស្ទះដល់ដំណើរការទីផ្សារអចលន:ទ្រព្យនេះ ដោយក្នុងនោះម្ចាស់ដីភាគច្រើន ត្រូវការលក់គិតជាសរុប ពោលគឺថា ទំហំនៃផ្ទៃដី ទោះជាមានវិសាលភាពធំធេងប៉ុណ្ណាក៏ដោយ ក៏មិនអាចលក់ក្នុងចំរៀកណាមួយបានឡើយ ផ្ទុយពីអ្នកទិញដែលមានសេចក្តីត្រូវការត្រឹមតែទំហំសមល្មមដើម្បីនឹងសាងសង់លំនៅដ្ឋានប៉ុណ្ណោះ ។ អ្នកលក់ដីភាគច្រើន មិនអាចដំអក់រង់ចាំយូរចំពោះដំណើរការបង់ប្រាក់ឡើយ យ៉ាងយូរត្រឹមពីរទៅបីដងប៉ុណ្ណោះសំរាប់កិច្ចសន្យានៃដំណាក់កាលបង់ប្រាក់ ហើយក៏មិនអាចលើសពី១ឆ្នាំឡើយ។ បញ្ច្រាស់មកវិញ អ្នកទិញត្រូវការពេលវេលាយូរអង្វែងក្នុងការសន្សំប្រាក់ដើម្បបង់ជូនអ្នកលក់។

ក្នុងបរិបទនេះហើយ ទើបលោក ព្រហ្ម សាគុណ បានសំរេចចិត្តបោះទុនទិញដីមួយកន្លែងពីសំណាក់ម្ចាស់ដីខុសៗគ្នាជាច្រើន ក្នុងភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធ្វើការវិនិយោគក្នុងជំហានដំបូង។ ភាពទូលំទូលាយនៃផ្ទៃដីជាច្រើនហិកតាក្នុងភូមិតាគង់ សង្កាត់សំបួរ នាពេលនោះ មិនទាន់ដើរក្រោមស្លាកសញ្ញាក្រុមហ៊ុននៅឡើយទេ ពោលគឺវាគ្រាន់តែជាដំណើរការទិញលក់ធម្មតា ក្នុងរូបភាពចូលរួមអភិវឌ្ឍតែប៉ុណ្ណោះ។ ដោយក្នុងនោះការអភិវឌ្ឍន៍សំខាន់ៗរួមមាន៖ ការជីកប្រលាយ ដាក់លូបេតុង ដាំបង្គោលភ្លើងបេតុង ចាក់ផ្លូវខ្ពស់ក្រាលគ្រួសក្រហម និងការបោះបង្គោលព្រំដីទៅលើចំណែកប្លង់ដីនីមួយៗដែលបានច្រៀកជាឡូតិ៍តូចៗក្នុងទំហំខុសៗគ្នាជាច្រើន ដូចជា ៥ ម × ២៥ ម, ៥ ម × ២០ ម, ៥ ម × ១៦ ម, ៥ ម × ១២ ម, និងទំហំផ្សេងៗទៀត ។ ចំណែកឯលក្ខ័ខណ្ឌ័នៃការបង់ប្រាក់វិញ គឺលោកបានសំរួលជូនអតិថិជនយ៉ាងអស់ពីលទ្ធភាព ដោយអនុញ្ញាតិឲ្យអតិថិជនមានសិទ្ធិចូលមកបោះទីតាំង សាងសង់លំនៅដ្ឋានរស់នៅបាន រាប់ចាប់តាំងពីថ្ងៃដែលបានកក់លុយជាលើកដំបូងក្នុងចំនួនដ៏តិចតួចបំផុត ។ និយាយរួមវាជាតម្លៃកក់មួយដែលមិនស្មើនឹងតម្លៃសំបុត្រយន្តហោះក្នុងស្រុកផង។ ឬយើងអាចនិយាយបានម្យ៉ាងទៀតថា តម្លៃដីគិតជាសរុបក្នុងមួយឡូតិ៍នាពេលនោះ មិនស្មើនឹងតម្លៃម៉ូតូមួយគ្រឿងរបស់កូនអ្នកមធ្យមក្នុងក្រុងសៀមរាបផងទេ ដែលលោក ព្រហ្ម សាគុណ បានរៀបចំ។ ហើយបន្ថែមពីលើនោះទៅទៀត គាត់បានពន្យាពេលបង់ប្រាក់រហូតដល់ទៅ៤ឆ្នាំ ស្មើនឹង៤៨ខែ សំរាប់អតិថិជនគ្រប់ៗរូប ដោយមិនគិតការប្រាក់អ្វីទាំងអស់។

គាត់បានប្រើយុទ្ធសាស្រ្តអាជីវកម្មក្បាច់ចិនដែលតែងតែទន្ទេញយ៉ាងចាំក្នុងចិត្តថា ចំណេញឲ្យបានតិចបំផុត និង លក់ឲ្យបានច្រើនបំផុត ដើម្បីអនាគតមុខរបរយូរអង្វែង និងរឹងមាំ ។ ដូច្នេះ វាមិនមែនជាកេរ្តិ៍មរតកបន្សល់ទុកពីជំនាន់ណាមួយដូចពាក្យចចាមអារ៉ាមឡើយ វាគឺជាការវិនិយោគសុទ្ធសាធ ពោលគឺទិញ និងលក់ចេញវិញភ្លាមៗ ប៉ុន្តែអ្វីដែលខុសគ្នារវាងការទិញ និងការលក់នោះគឺថា៖ ទិញក្នុងចំនួនគិតជាសរុប ដោយប្រើទុនធំជាមុន និងបង់ប្រាក់រយ:ពេលខ្លី ហើយលក់ចេញទៅវិញក្នុងចំនួនរាយតូចៗ បូកសេវាកម្មអភិវឌ្ឍបន្ថែម (ដោយមិនគិតប្រាក់) និងទទួលបានប្រាក់ចំណូលមកវិញជា កាក់ល្អិត ល្អោច រាយរង និងរង់ចាំរយ:ពេលយូរអង្វែង តែផ្តល់សិទ្ធិយ៉ាងបរិបូរដល់អតិថិជនក្នុងការប្រើប្រាស់ទំនិញ (ដីឡូតិ៍)។

ជាលទ្ធផល អាជីវកម្មអចលន:ទ្រព្យទ្រង់ទ្រាយតូចរបស់លោក ព្រហ្ម សាគុណ ក៏បានសាយភាយល្បីរន្ទឺនៅទូទាំងខេត្តសៀមរាប រួមទាំងបណ្តាខេត្តផ្សេងៗជាច្រើនទៀត។ ពីមួយថ្ងៃទៅមួយថ្ងៃចំនួនអតិថិជនកើនឡើងជាលំដាប់ រហូតធ្វើឲ្យលោកសំរេចចិត្តប្រើប្រាស់ឥណទានធនាគារ ដើម្បីវិនិយោគបន្ថែមស្របទៅតាមតំរូវការទីផ្សារជាក់ស្តែង។

យើងហ៊ាននិយាយប្រកបដោយមោទនភាពថា ក្នុងអំឡុងពេលនៃការប្រកាសអាសន្នអំពីវិបត្តិសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា ក៏ដូចជាការប្រកាសអាសន្នពីសង្រ្គាមព្រំដែន កម្ពុជា-ថៃ នាខណ:នោះ ទីផ្សារអចលន:ទ្រព្យរបស់លោកសាគុណ ហាក់មិនមានផលប៉ះពាល់អ្វីជាដុំកំភួនសោះ ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងក្លាយជាឩកាសមាសសំរាប់អ្នកវិនិយោគដ៏វៃឆ្លាតដូចជាលោកក្នុងការប្រមូលទិញដីក្នុងតម្លៃដ៏ថោកៗពីម្ចាស់ដីជាច្រើនដែលបាត់បង់ ជំនឿចិត្តក្នុងការតស៊ូ ដែលជាហេតុធ្វើឲ្យលោកអាចបង្កើនបានបរិមាណនៃការលក់បានកាន់តែច្រើនឡើងៗ។

ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺថា អតិថិជនរបស់លោកស្ទើរតែពាក់កណ្តាលមិនបានទិញដីយកទៅទុកចោលឡើយ ពួកគាត់រូតរះស្វែងរកថវិការ សំរាប់សង់ផ្ទះរស់នៅ ដើម្បីរំដោះខ្លួនចេញឲ្យផុតពីស្ថានភាពជួលផ្ទះគេរស់នៅបន្តទៀត។ អតិថិជនដ៏វៃឆ្លាតរបស់យើងភាគច្រើនសុទ្ធតែបានសំរេចចិត្តត្រឹមត្រូវ ដោយការគណនាឃើញថា តម្លៃបង់រំលោះទិញដីក្នុងមួយខែគឺប្រហាក់ប្រហែល ឬស្ទើរតែទាបជាងថ្លៃឈ្នួលជួលផ្ទះក្នុងមួយខែទៅទៀត។ ឧទាហរណ៍ថា ឈ្នួលជួលបន្ទប់ស្នាក់ក្នុង១ខែ ៦០ដុល្លារ រីឯប្រាក់បង់រំលោះទិញដីក្នុង១ខែគឺ ៥៨ ដុល្លា ។ ហើយពិសេសនោះគឺ តម្លៃឈ្នួលជួលផ្ទះត្រូវបង់ជារៀងរហូតដោយគ្មានព្រំដែន ឬបង់មួយជីវិត ផ្ទុយទៅវិញ តម្លៃប្រាក់បង់រំលោះសំរាប់ដីមួយឡូតិ៍ ដើម្បីបានជាកម្មសិទ្ធិស្របច្បាប់មានត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ ដោយថែមទាំងផ្តល់សិទ្ធិរស់នៅតាំងពីអតិថិជនបង់បាន ៣ខែដំបូងម្លេះ។

ដោយគិតត្រឹមឆមាសទី១នៃការលក់ លោកសាគុណ បានទទួលអតិថិជន មិនត្រឹមតែក្នុងស្រុកខ្មែរប៉ុណ្ណោះទេ ថែមទាំងអតិថិជនពីបរទេសជាច្រើនទៀតផង រួមមាន អាមេរិក បារាំង កាណាដា អូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម ម៉ាឡេស៊ី…… ដែលជាហេតុធ្វើឲ្យលោកត្រូវបង្កើនជំនឿចិត្តឲ្យបានខ្លាំងសំរាប់អតិថិជន នោះគឺការរត់ច្បាប់បើកក្រុមហ៊ុនមួយដែលមានឈ្មោះថា សៀមរាបស៊ីធីលែន (Siem Reap City Land Co., Ltd.) ក្នុងឆ្នាំ ២០០៩ ដោយផ្តោតទិសដៅក្នុងការអភិវឌ្ឍន៍តែទៅលើការងារអចលន:ទ្រព្យតែមួយមុខគត់ (អាចទស្សនាបានក្នុងគេហទំពរ័ www.siemreapcityland.com ) ហើយមិនយូរប៉ុន្មានកេរ្តិ៍ឈ្មោះរបស់ ក្រុមហ៊ុន សៀមរាបស៊ីធីលែន បានរីកសាយភាយល្បីល្បាញយ៉ាងគួរឲ្យកត់សំគាល់ ។ ទន្ទឹមនឹងនោះដែរ ក៏មានក្រុមហ៊ុនផ្សេងៗទៀតជាច្រើនត្រូវបានបង្កើតឡើង ដើម្បីរត់ចូលក្នុងទីផ្សារដូចគ្នា អតិថិជនគោលដៅដូចគ្នា និងយុទ្ធសាស្រ្តដូចគ្នានេះ។ យ៉ាងនេះក្តី ក៏ស្ថាបនិកក្រុមហ៊ុននេះ មិនមានការព្រួយបារម្ភសូម្បីបន្តិចសោះឡើយ ព្រោះថាអ្វីដែលយើងបានសាងយ៉ាងរឹងមាំនោះ គឺសក្តានុពលគ្រឹះនៃកេរ្តិ៍ឈ្មោះក្រុមហ៊ុនដែលជាហេតុធ្វើឲ្យដំណើរការទិញនិងលក់ប្រព្រឹត្តទៅដោយគ្មានឧបសគ្គ។

ចូលដល់ឆ្នាំ២០១១ ក្រុមហ៊ុននេះ បានបែងចែកភាគហ៊ុនទៅដល់អ្នកវិនិយោគជាច្រើននាក់ផ្សេងទៀតក្នុងគោលដៅដើម្បីពង្រីកវិសាលភាព និងអនុភាពវិនិយោគរបស់ក្រុមហ៊ុន រហូតក្លាយទៅជាក្រុមហ៊ុនអចលន:ទ្រព្យឈានមុខគេ និងល្បីជាងគេបង្អស់ក្នុងខេត្តសៀមរាប។

រហូតមកដល់ឆ្នាំ ២០១៣ ដោយមិនចង់ឲ្យច្របូកច្របល់ក្នុងការងាររបស់ ក្រុមហ៊ុនសៀមរាបស៊ីធីលែន លោក ព្រហ្ម សាគុណ ក៏បានផ្ទេរភាគហ៊ុនមួយផ្នែកធំទៅឲ្យដៃគូរជំនួញរបស់លោកក្នុងក្រុមហ៊ុនជាអ្នកកាន់កាប់ និងគ្រប់គ្រងបន្ត ដោយលោកនៅតែមានភាគហ៊ុនក្នុងនោះជាដរាប ហើយលោកបានបង្វែរទុនមួយផ្នែកធំផ្សេងទៀតដើម្បីវិនិយោគទៅលើវិសយ័ខុសគ្នាជាច្រើន ព្រោះថា នាពេលនោះ លោក ព្រហ្ម សាគុណ បានមានសម្ពន្ធ័ភាពយ៉ាងល្អប្រសើរ ជាមួយនឹងបណ្តាសេដ្ឋីធំៗជាច្រើនទាំងក្នុង និងក្រៅប្រទេស និង ទាំងជនជាតិខ្មែរ និងបរទេស ក្នុងការសហការគ្នាវិនិយោគបន្ថែមទៀតទៅលើផលិតផលនានា រួមមានទាំងទំនិញ និងសេវាកម្ម។

ហើយនោះគឺជាហេតុផលដែលក្រុមហ៊ុនថ្មីមួយទៀតត្រូវបានចាប់បដិសន្ធិឡើង ក្រោមឈ្មោះថា ក្រុមហ៊ុនរ៉ូយ៉ាល់អវតារ អភិវឌ្ឍន៍ចំកាត់ (Royal Avatar Development Co., Ltd.)។ នេះមាននយ័ថា វាជាអវតារ ដែលបានបែងភាគចេញមកពីក្រុមហ៊ុនសៀមរាបស៊ីធីលែន ប៉ុន្តែទស្សនវិសយ័ របស់វាខុសប្លែកពីមុន អាស្រយ័យោងទៅលើតួនាទីផលិតផល ដែលក្រុមហ៊ុន រ៉ូយ៉ាល់អវតារ បានដឹកនាំ ។ ពិសេសគឺថា ក្រុមហ៊ុនេះជាក្រុមហ៊ុនឯកកម្មសិទ្ធិ ដែលមានម្ចាស់តែមួយរូបគត់គឺលោក ព្រហ្ម សាគុណ ។

ដៃគូទាំងអស់